ថ្ងៃអង្គារ ៩ រោច ដល់ថ្ងៃពុធ ១០ រោច ខែអាសាធ ឆ្នាំជូត ទោស័ក ពស. ២៥៦៤ ត្រូវនឹងថ្ងៃ ១៤ ដល់ ១៥ ខែកក្កដា ឆ្នាំ២០២០ គម្រោងបាឡែនស៍ (BALANCE) បានរៀបចំសិក្ខាសាលាលើកទី២ និងទី៣ ស្តីពី “ការរៀបចំប្រភពប្រាក់ចំណូលផ្សេងៗ និងសំណើរសុំមូលនិធិ” និង “ការរៀបចំផែនការហិរញ្ញវត្ថុ និងការផ្តល់ជូនធនធាន” ។ សិក្ខាសាលាទាំងពីរនេះត្រូវបានរៀបចំឡើងដោយគម្រោងបាឡែនស៍ (BALANCE) ដែលមានឈ្មោះថា រួមគ្នាឆ្ពោះទៅរកការគ្រប់គ្រងហិរញ្ញវត្ថុប្រកប ដោយចីរភាពនៅតាមសាកលវិទ្យាល័យកម្ពុជា ដែលបានគាំទ្រមូលនិធិដោយកម្មវិធី ERASMUS+ KA2-CBHE។
គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះដើម្បីលើកកម្ពស់ការផ្ទេរចំណេះដឹង និងការទទួលយកនូវជំនាញ និងសមត្ថភាពស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុនៅកម្រិតគ្រឹះស្ថានឧត្តមសិក្សា។
ដោយសារតែមានការរីករាលដាលសាកលនៃជំងឹ COVID-19 វគ្គបណ្តុះបណ្តាលត្រូវបានធ្វើឡើងតាមរយៈអនឡាញដោយប្រើប្រាស់ប្រព័ន្ធ Livestorm។ កម្មវិធីនេះបានអនុញ្ញាតឱ្យសិក្ខាកាមទាំងអស់ទទួលបានបទបង្ហាញ វីដេអូ កិច្ចពិភាក្សាសំណួរ និងចម្លើយជាមួយនឹងការសម្របសម្រួលដោយដៃគូរគម្រោងនៅសហភាពអ៊ឺរ៉ុប រួមមាន សាកលវិទ្យាលអាលីកាន់តេ និងសាកលវិទ្យាល័យហ្សឺណូអា។ ដៃគួរអនុវត្តន៍គម្រោងទាំងអស់នៅកម្ពុជាបានជួបជុំគ្នានៅក្នុងបរិវេណវិទ្យាស្ថានជាតិអប់រំដែលជាអ្នកផ្តល់ទីតាំងរៀបចំកម្មវិធីនេះឡើងនៅទីក្រុងភ្នំពេញ។
សិក្ខាសាលាស្តីពី “ការរៀបចំប្រភពប្រាក់ចំណូលផ្សេងៗ និងសំណើរសុំមូលនិធិ” ត្រូវបានផ្តល់ជូនដោយសាកលវិទ្យាល័យអាលីកាន់តេ តាមរយៈលោកបណ្ឌិត Dr Roberto Escarre។ ក្នុងបទបង្ហាញនេះផ្តោតសំខាន់ទៅលើយុទ្ធសាស្ត្រការរៀបចំប្រភពចំណូលផ្សេងៗគ្នា ឱកាសទទួលបានមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការស្រាវជ្រាវ ព្រមទាំងវិធីសាស្ត្រជាច្រើនទៀតដូចជា ការគ្រប់គ្រងវដ្តគម្រោង ឬការរៀបចំតារាងម៉ាទ្រិចគម្រោង (Logical Framework)។
សិក្ខាសាលាស្តីពី “ការរៀបចំផែនការហិរញ្ញវត្ថុ និងការផ្តល់ជូនធនធាន” ត្រូវបានផ្តល់ជូនដោយសាកលវិទ្យាល័យ ហ្សឺណូអា តាមរយៈលោកបណ្ឌិត Dr Fulvio Principiano។ នៅក្នុងបទបង្ហាញនេះផងដែរ បានផ្តោតសំខាន់លើការផ្តល់ជូនជាកញ្ចប់ និងប្រើប្រាស់ប្រភពធនធានរួមមាន៖ វដ្តនៃវិធីសាស្ត្រការរៀបចំផែនការផ្ទៃក្នុង ការលើកទឹកចិត្ត និងប្រព័ន្ធផ្តល់រង្វាន់។
ជារួម នៅថ្ងៃទី ១៦ ខែកក្កដា កិច្ចប្រជុំស្តីពីការគ្រប់គ្រងគម្រោងត្រូវបានរៀបចំឡើងដើម្បីពិភាក្សាពីកម្រិតនៃការអនុវត្តសកម្មភាពគម្រោង ជំហានបន្ទាប់ និងសកម្មភាពនាពេលអនាគតផ្សេងៗទៀត។
សូមអរគុណ!